គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលពង្រឹងភាពទំនួលខុសត្រូវសង្គមនៅកម្ពុជា

កាលបរិច្ឆេទ: ០៩ មករា ២០២៣

ដំបូងឡើយ កាលពីទើបតែចាប់ផ្តើមបង្កើតកាលពីឆ្នាំ២០០១ ក្រុមហ៊ុនខនហ្វីរេលមាន គោលដៅចម្បងគឺចូលរួមចំណែកអភិវឌ្ឍជនបទនៅកម្ពុជាដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករខ្មែរតាមរយៈការលើកតម្លៃវត្ថុធាតុដើមប្រចាំតំបន់នានានៅកម្ពុជាក្នុងស្មារតីគោរពបរិស្ថាន។ ដូច្នេះ ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្នែកទំនួលខុសត្រូវសង្គម ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងផ្នែកវប្បធម៌ ព្រោះថា ផលិតផលទាំងនោះគឺជាផលិតផលខ្មែរសុទ្ធសាធដែលមានរសជាតិតែមួយគ្មានពីរ និងឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃធនធានធម្មជាតិរបស់ខ្មែរ។

ម្ភៃឆ្នាំក្រោយមក តម្រូវការនៃការអភិវឌ្ឍជនន៍បទមិនមែនចាំបាច់សម្រាប់តែកសិករខ្មែរប៉ុណ្ណោះទេ។ បច្ចុប្បន្ន ការអភិវឌ្ឍន៍នេះមានសារៈសំខាន់ណាស់ដើម្បីឲ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍ទីក្រុង និងការអភិវឌ្ឍជនន៍បទ។ កំណើននគររូបនីយកម្មយ៉ាងឆាប់រហ័សនៅកម្ពុជាមិនត្រឹមតែធ្វើឲ្យផ្ទៃដីដាំដុះថយចុះប៉ុណ្ណោះទេ តែវាក៏បានចូលរួមចំណែកធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុផងដែរ ដោយហេតុថាទីក្រុងនានាប្រើប្រាស់ចរន្តអគ្គិសនីច្រើនលើសលប់ ហើយបញ្ចេញឧស្ម័នកាបូនិកក៏ច្រើន។ ដូច្នេះទីក្រុងគឺជាប្រភពនៃការធ្វើឲ្យអាកាសធាតុកាន់តែក្តៅឡើងៗ។ ដើម្បីកាត់បន្ថយកំណើននគររូបនីយកម្មនេះ គឺត្រូវអភិវឌ្ឍជនបទទាំងផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកសង្គម។

ដូច្នេះហើយទើបក្រុមហ៊ុនខនហ្វីរេលមានបំណងពង្រីកទំនួលខុសត្រូវសង្គមរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅតាមរយៈការចូលរួមចំណែកជាហិរញ្ញវត្ថុដែលបានមកពីមួយផ្នែកនៃការលក់ផលិតផលរបស់ខ្លួនតាមអនឡាញនៅប្រទេសបារាំងតាមរយៈទំព័រអ៊ិនធឺណេត www.confirel.fr ទៅឲ្យសមាគម ឬអង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការទាក់ទងនឹងការអភិវឌ្ឍសង្គម និងជនបទនៅកម្ពុជា។

មានន័យថាសមាគមនីមួយៗជាដៃគូសហការនឹងទទួលបានលេខកូដមួយ ហើយសមាគមនោះត្រូវផ្សព្វផ្សាយលេខកូដនេះទៅដល់សមាជិក និងមិត្តភក្តិរបស់ខ្លួន ដើម្បីឲ្យពួកគេប្រើប្រាស់លេខកូដនេះនៅពេលទិញផលិតផលលើទំព័រអ៊ិនធឺណេតរបស់ក្រុមហ៊ុនខនហ្វីរេល។ ធ្វើដូច្នេះ ក្រុមហ៊ុនខនហ្វីរេលអាចគណនាពីទឹកប្រាក់ដែលក្រុមហ៊ុនត្រូវផ្ទេរទៅឲ្យសមាគម។

អង្គការកូដូខ្មែរ (Codeaukhmer) ដែលមានលោកអង្គ ពិទូ ជាប្រធាន គឺជាអង្គការមុនដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសាមគ្គីភាពកាលពីចុងខែធ្នូជាមួយក្រុមហ៊ុនខនហ្វីរេល ដើម្បីទទួលបានអត្ថប្រយោជន៍ពីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

កាលពីឆ្នាំ២០១៩ ជាមួយនឹងចលនានិស្សិត « Unis pour Samrong » អង្គការកូដូខ្មែរបានចូលរួមបង្កើតសាលារៀននៅសំរោង។ ចាប់ពីឆ្នាំ២០២២មក ដោយមានការជួយជ្រោមជ្រែងពីសំណាក់អង្គការទស្សនពិភពលោកកម្ពុជា និងដៃគូសហការផ្សេងៗទៀត ចលនានិស្សិត Unis pour Samrong  និងអង្គការកូដូខ្មែរបានបង្កើតកម្មវិធីពង្រីកទីតាំងគរុកោសល្យនៅសាលាមានដូចជា បង្កើតបណ្ណាល័យមួយ និងរៀបចំទីធ្លាសាលា។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយមានការចូលរួមផ្តល់យោបល់ពីសំណាក់អ្នកគ្រប់គ្រងថ្នាក់ភូមិ អាជ្ញាធរផ្នែកវិស័យអប់រំ និងអង្គការសមាគមនានាផងដែរ៕